អ្នកមេម៉ាយសាច់សខ្ចី សុខ ស្រីនាង កាន់តែល្បី កាន់តែមានតម្លៃខ្លួនខ្ពស់
ភ្នំពេញៈ ចាប់តាំងពីបានចេញនូវបទចម្រៀងថ្មីៗ និងមានក្រុមរាំផ្ទាល់ខ្លួនមកនោះ តារាចម្រៀងស្រី ដែលមានរូបឆោមលោមកាន់តែល្អស្រស់ស្អាត គឺអ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីល្វក់ដូចជាពងមាន់បកប្រចាំផលិតកម្មសាន់ដេ សុខ ស្រីនាង ក៏លេចឮដំណឹងថា នាងកំពុងតែដំឡើងតម្លៃខ្លួននៅគ្រប់កម្មវិធីប្រគំតន្ត្រីតែម្តងទាំងតាមប៉ុស្តិ៍ទូរទស្សន៍ និងនៅតាមខេត្ត។
ថ្មីៗនេះតារាចម្រៀងស្រីល្បីមធ្យម និងកាន់តែឈានឡើងទៅរកលំដាប់កំពូលនៃទ្រនំផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាមានភាពផុសផុលខ្លាំងជាមួយការចេញបទចម្រៀងប្រភេទអូរីជីណលរបស់នាង ដើម្បីស្តារប្រជាប្រិយភាពខ្លួនឯង នៅលើវិថីសិល្បៈចម្រៀងឡើងវិញ បន្ទាប់ពីនាងបានបាត់មុខសម្ងំរស់នៅម្នាក់ឯងដោយភាពរងាបេះដូងមួយរយៈមកនោះ។
តារាចម្រៀងស្រីដែលបានផ្តើមអាជីពចម្រៀងកាលពីដំបូងនៅលើទ្រនំនៃផលិតកម្ម KH Promotion ដូចជា តារាចម្រៀងស្រីសំឡេងស្រួយសាច់សខ្ចីជារៀមច្បង កញ្ញា សុខ ពិសី ដែរមុននឹងមកជ្រកកោននៅឯទ្រនំផលិតកម្មសាន់ដេ អ្នកនាង សុខ ស្រីនាង ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ ត្រង់កាលពីម្សិលមិញ ដោយមិនលាក់លៀមនោះឡើយចំពោះព័ត៌មាន ដែលថារូបនាងបានសុំដំឡើងថ្លៃខ្លួន នាពេលទៅច្រៀងក្នុងកម្មវិធីតន្ត្រីនានានោះថា៖ «ជាការពិតមែនបង! តែមិនមែនជាការទាមទារឡើងថ្លៃខ្លាំងហួសប្រមាណនោះឡើយ! ហើយក៏ទើបតែមានរយៈពេលប្រមាណជាជិតកន្លះឆ្នាំនេះឯង គឺខណៈពេលដែលនាងខ្ញុំបានចាប់ផ្តើមថតបទថ្មីៗគឺសូឡូអាល់ប៊ុម និងមានក្រុម Dancers ផ្ទាល់ខ្លួនមកប៉ុណ្ណោះបង!»។
អ្នកមេម៉ាយទាំងក្មេងខ្ចី សុខ ស្រីនាង បន្តបង្ហើបឲ្យដឹងពីតម្លៃដែលនាងអះអាងថាឡើងតិចតួចនោះទៀតថា៖ «តាមពិតនាងខ្ញុំសុំទារឡើងថ្លៃនោះ ក៏ព្រោះតែនាងខ្ញុំត្រូវចំណាយទៅក្រុមរាំផ្ទាល់ខ្លួន និងទៅតាមប្រភេទនៃកម្មវិធីតូច ឬធំ និងមានការចរចាជាមួយម្ចាស់ស្ពន់ស័រនៃកម្មវិធីផងដែរ។ ប្រសិនបើកម្មវិធីប្រគំតន្ត្រីខ្នាតធំនាងខ្ញុំសុំតម្លៃនៅចន្លោះពី ១៥០០ ដុល្លារ ទៅ ១៨០០ ដុល្លារ ដែលអាស្រ័យទៅតាមទីតាំងនៃខេត្តជិត ឬឆ្ងាយ ហើយនាងខ្ញុំមានក្រុមរាំចំនួន ៧ នាក់។ ខណៈកម្មវិធីតូចៗវិញនៅចន្លោះពី ១២០០ ដុល្លារ ទៅ ១៣០០ ដុល្លារ និងមានក្រុមរាំចំនួន ៤ នាក់។ តែក៏មិនមែននាងខ្ញុំទាមទារដាច់ណាត់នោះឡើយ ក៏មានការពិភាក្សា យល់ព្រមគ្នាជាមួយនឹងម្ចាស់ស្ពន់ស័រនៃកម្មវិធីដែរ»។
យ៉ាងណាក៏គេសង្កេតឃើញថាក្រុមតារាចម្រៀងទាំងប្រុសទាំងស្រី ដែលបានរះនៅលើទ្រនំនៃផលិតកម្មល្បីៗនៅក្នុងប្រទេសកម្ពុជានាមួយរយៈពេលចុងក្រោយនេះ គឺពិតជាកាក់កបខ្លាំងណាស់សម្រាប់ឱកាសច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីតាមបណ្តាខេត្តនានា ខណៈដែលក្រុមតារាទាំងនោះសុទ្ធសឹងតែមានក្រុមអ្នករាំអមផ្ទាល់ខ្លួនឯងស្ទើរតែគ្រប់ៗគ្នា។ចំណែកចំនួនបទចម្រៀងដែលត្រូវច្រៀងវិញក៏មានចំនួនតិច ឬច្រើនគឺទៅតាមសណ្ឋាននៃកម្មវិធីផងដែរ។
តារាចម្រៀងស្រីដែលនាងតែងតែសុំធីបមិនបរិយាយរឿងស្នេហា បន្ទាប់ពីរូបនាងបានចែកផ្លូវពីអតីតស្វាមី ដែលជាអ្នកសិល្បៈរួមអាជីព និងមានស្រុកកំណើតដូចគ្នា គឺតារាចម្រៀងប្រុសលោក ស៊ី សុវត្ថិ ប្រមាណជា ៦ ឆ្នាំ ហើយនោះ អ្នកនាង សុខ ស្រីនាង បន្ថែមថា៖ «ជាទូទៅបទចម្រៀងដែលនាងខ្ញុំត្រូវលើកយកទៅច្រៀងនៅក្នុងកម្មវិធីនីមួយៗ មានតិចបំផុតគឺបីបទ ហើយប្រសិនបើច្រើនបំផុតវិញនោះមាន ៥ ឬ ៦ បទប៉ុណ្ណោះគឺមានជាបទចម្រុះចង្វាក់ហ្មង»៕
0 comments:
Post a Comment