ថ្ងៃ អាទិត្យ ទី ៣០ ខែ មករា ឆ្នាំ ២០១១
(រូបថត អ៊ុយសុង)
កុមារីបុស្បា ប៉ាន់ អ្នកចំរៀងសំលេងគ្រលួច វ័យ១៣ឆ្នាំ ដែលកំពុងល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស
រាជធានីភ្នំពេញ ៖ ខនសឺតទីក្រុងអង្គរលើកដំបូង គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅខាងមុខប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី២៥-២៦ ខែកុម្ភៈ ខាងមុខ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីលំដាប់អន្តរជាតិ ក្នុងនោះសំរាប់ប្រទេសកម្ពុជា គឺមានវត្តមានកុមារីបុស្បា ប៉ាន់ អ្នកចំរៀងសំលេងគ្រលួច វ័យ១៣ឆ្នាំ ដែលកំពុងល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស។ តាមការឱ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីថា ខនសឺតលំដាប់អន្តរជាតិក្នុងទឹកដីកម្ពុជាព្រះរាជាណាចក្រអច្ឆិរយ នេះ មានការចូលរួមពីភ្ញៀវមកពីទីក្រុងប៉ារីស ហុងកុង សៀងហៃ កូឡាឡាំពួរ និងសហរដ្ឋអាមេរិក។
គេរំពឹងថា ប្រាសាទបាយ័ននឹងមានជីវិតរស់រវើកជាមួយនឹងសូរសំលេងកងរំពង និងពន្លឺដ៏ឆើតឆាយនៃការរចនាឆាកសំដែងនោះ។ ដោយឡែកផ្ទាំងប៉ាណូធំៗស្តីពីការប្រគំតន្ត្រីថ្ងៃទី២៥-២៦ ខែកុម្ភៈ ត្រូវបានគេដាក់តាំងនៅតាមវិថីជាច្រើននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រោមប្រធានបទ «ព្រះគុណ គ្រូអង្គរ» ដែលមានរូបបុស្បា ប៉ាន់ មួយកំណាត់ខ្លួនពាក់មួកយ៉ាងធំ។
លោកប៉ាន់ ម៉េងហ៊ាង ជាឪពុកបុស្បា ប៉ាន់ ប្រាប់អ្នកសារព័ត៌មានថា លោកចង់ឃើញវត្តមានសិល្បករ សិល្បការិនីកម្ពុជាលើឆាកប្រគំតន្ត្រីខ្នាតអន្តរជាតិលើពិភពលោក នារយៈពេល៤ ឬ៥ឆ្នាំខាងមុខ។ លោកមានជំនឿថា បុស្បា ប៉ាន់ អាចធ្វើទៅបានដោយសារទេពកោសល្យពីធម្មជាតិរបស់នាង រួមទាំងការខិតខំឧស្សាហ៍ព្យាយាម និងការបង្ហាត់បង្រៀនពីគ្រូសិល្បៈជាតិ និងអន្តរជាតិ។
លោកបន្តថា ក្រុមភ្លេងខុសៗគ្នាចំនួន៥ទំរង់ រួមទាំងក្រុមតន្ត្រីមកពីហុងកុង ក្រុមភ្លេងពិណពាទ្យ ក្រុមមហោរី ក្រុមស្គរហ្សាស និងក្រុមតន្ត្រីក្លាស៊ិកសំលេងស្រាល នឹងមកសំដែងក្នុងខនសឺតនោះ។ មុននឹងការប្រគំតន្ត្រីនឹងមានការលេងភ្លេង និងច្រៀងថ្វាយបង្គំអាទិទេពក្រុងអង្គរចំនួន១១បទនៅល្ងាចថ្ងៃទី ២៤ កុម្ភៈ។ ការប្រគំភ្លេងបែបនេះ គឺជាលើកទី១សំរាប់ប្រទេសកម្ពុជាក្នុងរយៈពេល៤០ឆ្នាំមកនេះ។ ការរៀបចំឆាកតន្ត្រីនៅទីក្រុងអង្គរនេះ គឺមានអ្នកជំនាញមកពីបរទេសជាអ្នកជួយរៀបចំ ដើម្បីឱ្យព្រឹត្តិការណ៍នេះមានភាពអស្ចារ្យ។
កុមារីបុស្បា ប៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា នាងហ្វឹកហាត់រយៈពេល៦ខែមុនចាប់ផ្តើមប្រគំតន្ត្រីដ៏ធំនេះ ហើយនាងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ខនសឺតអន្តរជាតិនេះកាន់តែមានភាព អស្ចារ្យថែមទៀត។
សំរាប់សំបុត្រចូលទស្សនាខនសឺតនេះ គឺមានលក់នៅ Monumen Books ហាងកាហ្វេសង់ទីម៉ង់ ភោជនីយដ្ឋានយីស៊ាន ភោជនីយដ្ឋានម្លិះ និងឡាក់គីស្ទ័រ។ ចំណែកនៅខេត្តសៀមរាបសំបុត្រមានលក់នៅវិចិត្រសាលម៉ាកដឺម៉ុត Momument Boosk និងឡាក់គីស្ទ័រ ឬអាចទិញបានតាមក្រុមហ៊ុនទេសចរណ៍មួយចំនួនតាមរយៈវ៉េបសាយ www.bosbapanh.com។ គេរំពឹងថា ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីនោះនឹងទទួលបានការគាំទ្រពីភ្ញៀវ ជាតិ និងអន្តរជាតិ ហើយក៏ជាវេទិកាទាក់ទាញភ្ញៀវទេសចរបរទេសផងដែរ៕
0 comments:
Post a Comment